បន្ទាយមានជ័យ ៖ ក្រុមការងារ នាយកដ្ឋានធារាសាស្ត្រ កសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ឈា ប៊ុនរិទ្ធ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ បាន និងកំពុងបន្តចុះសហការ ជាមួយមន្ទីរធនធានទឹក ខេត្តបន្ទាយមានជ័យ និងប្រជាកសិករ ដើម្បីជូយសង្គ្រោះស្រូវ បង្កើនរដូវខ្វះទឹកជាង១ពាន់ហិកតា ស្ថិតក្នុងឃុំសឿ ស្រុកមង្គលបូរី។
នៅក្នុងការងារ អន្តរាគមន៍សង្គ្រោះស្រូវបង្កើន រដូវនៅឃុំសឿនេះ ក្រុមការងារក្រសួង និងមន្ទីរ បានប្រើប្រាស់ម៉ាស៊ីន បូមទឹកប្រភេទ៦៥សេស ចំនួន២គ្រឿង ដោយធ្វើការបូមទម្លាក់ទឹក ពីស្ទឹងមង្គលបូរី បញ្ចូលទៅ ក្នុងប្រឡាយចំនួន២ខ្សែ ដែលបងប្អូនប្រជាកសិករ បានសហការគ្នាស្តារ រួចជាស្រេច សម្រាប់នាំទឹកទៅស្រោចស្រពស្រូវ របស់ពួកគាត់ សរុបចំនួន 1.450 ហិកតា ក្នុងភូមិចំនួន05។
មន្រ្តីក្រសួងធនធានទឹក បានឲ្យដឹងថា ចំពោះបញ្ហា ខ្វះទឹកប្រើប្រាស់ នៅតាមខេត្តមួយចំនួននោះ លោករដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ បានបញ្ជាឲ្យមន្រ្តីជំនាញ សហការជាមួយមន្រ្តី នៅតាមខេត្តទាំងនោះ បន្តយុទ្ធនាការ ចុះជួយបូមទឹកដាក់ស្រែជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ពោលមិនត្រូវឲ្យពួកគាត់ ខ្វះខាតនោះឡើយ៕