សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញពីសក្ដានុពលកម្ពុជា ដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងការជួបពិភាក្សានារសៀលថ្ងៃទី ០៧ ខែឧសភា នេះ នៅវិមានសន្តិភាព ។ សូមជំរាបថា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលបានជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋ មន្ត្រី នាពេលរសៀលកន្លងមកនេះ ដឹកនាំដោយ លោកជំទាវ កាស្ល៊ីន សានទីឡូ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាជាប្រទេសកសិកម្ម ដូច្នេះកម្ពុជា មិនបានបោះបង់ចោលការងារកសិកម្មនេះទេ ប៉ុន្តែកម្ពុជាបានប្រែក្លាយឱ្យទៅជាការងារឧស្សាហកម្មមួយ ។ សម្តេចបានមានប្រសាសន៍ថា មុននឹងធ្វើការនាំចេញ គឺត្រូវបង្កើតឱ្យមានការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម ។ សម្ដេចបានបន្តថា ឥឡូវនេះ នយោបាយកសិកម្មគឺបន្តជំរុញឱ្យទៅជាឧស្សាហកម្មជឿនលឿន រួមទាំងសេវាកម្មថែមទៀត ។
សម្ដេចតេជោបានថ្លែងថា សព្វថ្ងៃនេះ សេដ្ឋកិច្ចកម្ពុជាគឺកំពុងជំរុញទៅលើការនាំចេញផលិតផលមួយចំនួន ដូចជា ការនាំចេញអង្ករ… ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងជាដើម ហើយគោលនយោបាយរបស់កម្ពុជា គឺចង់ឱ្យមានការបង្កើនឧស្សាហកម្ម ដែលមានចរិតជាសកល និងចង់បានការវិនិយោគបន្ថែមទៀត ។ សម្ដេចបានបញ្ជាក់ថា សក្ដានុពលរបស់កម្ពុជា គឺមានពលកម្មដែលមានវ័យក្មេងច្រើន ក៏ប៉ុន្តែខ្វះជំនាញ ។ កម្ពុជាក៏កំពុងខិតខំបណ្តុះបណ្តាលពួកគេឱ្យមានជំនាញ ដែលទាំងនេះ ក៏ជាកត្តាទាក់ទាញអ្នកវិនិយោគឱ្យមកនៅកម្ពុជាផងដែរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ប្រាប់ទៅគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ទៀតថា កម្ពុជាបាន និងកំពុងពង្រឹងហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនដែលកំពុងសាងសង់ ហើយឥឡូវនេះ មានផ្លូវថ្នល់ល្អៗជាច្រើន រួមទាំងផ្លូវរថភ្លើងផងដែរ ។ ទាក់ទងពីបញ្ហាអគ្គិសនី សម្តេចបានមានប្រសាសន៍ថា ចំណែកតម្លៃអគ្គីសនីវិញ ក៏កាន់តែមានតម្លៃទាបទៅៗ ដោយសារទន្ទឹមនឹងប្រភពវារីអគ្គិសនី កម្ពុជាក៏នៅមានអគ្គិសនីដើរដោយធ្យូងថ្ម ដែលទាំងអស់នេះ បានលើកទឹកចិត្តសម្រាប់អ្នកវិនិយោគថែមទៀត ។
សម្តេចបានមានប្រសាសន៍បន្តថា ក្រៅពីនេះ កម្ពុជាក៏បានកែសម្រួលបរិយាកាសសម្រាប់អ្នកវិនិយោគ ដែលក្នុងនោះ គឺមានការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវអនុវត្តនៅចុងឆ្នាំនេះ ដោយសម្ដេចបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញការអនុវត្តតាមប្រព័ន្ធនេះ ដែលនេះក៏ជាការលើកទឹកចិត្តដើម្បីឱ្យអ្នកវិនិយោគមានទំនុកចិត្ត ប្រកបដោយភាពងាយស្រួល ព្រមទាំងមានការកាត់ចោលស្ថាប័នខ្លះ ដើម្បីកុំឱ្យមានភាពការិយាធិបតេយ្យកើតឡើង ។